សម្តេចតេជោហ៊ុន សែន បានចេញសារបន្ទាន់មុននេះបន្តិចពីការរកឃើញករណីឆ្លងដល់ ៤៩ នាក់នៅថ្ងៃនេះ។ សម្តេចតេជោ បានផ្ញើសារអំពាវនាវនិងបទបញ្ជាដល់ស្ថាប័នរដ្ឋាភិបាល សូមផ្អាកបណ្ដោះអាសន្នការងារយ៉ាងតិច ០៧ ថ្ងៃ និងតម្រូវមានមនុស្សតិចតួចបំផុតប្រចាំការ។
សម្តេចតេជោ បានបង្ហើបថា ការឆ្លងដ៏ធ្ងន់ធ្ងរនេះបានរាលដាលដល់ក្របខណ្ឌនគរបាល និងសិល្បៈករសិល្បការិនី។
សម្តេចតេជោ ឲ្យស្ថាប័នរដ្ឋត្រូវកាត់បន្ថយចំនួនមនុស្សយ៉ាងហោចណាស់ ៩០ ភាគរយ ដែលត្រូវមកបំពេញការងារ និងផ្នែកឯកជនត្រូវកាត់បន្ថយបុគ្គលិក ឫផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចៀសការកកកុញ។ សម្តេចថ្លែងបញ្ជាក់ថា ការកាត់បន្ថយលើកលែងកងកម្លាំង ក្រុមគ្រូពេទ្យ ត្រូវបន្តសកម្មភាពការងារធម្មតា។
សម្តេចតេជោក៏ណែនាំឲ្យឪពុកម្តាយ សូមកុំឲ្យកូនចៅចេញក្រៅផ្ទះ មនុស្សចាស់ មនុស្សពេញវ័យ បើមិនមានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ឬត្រូវពាក់ម៉ាសចាំបាច់បំផុត ដើម្បីការពារបុគ្គលិកម្នាក់ៗ និងគ្រួសារនីមួយៗ និងសង្គមជាតិ។ សម្តេចតេជោ ក៏អំពាវនាវឲ្យផ្អាកការជួបជុំ និងការរៀបអាពាហ៍ពិពាហ៍ ដើម្បីបញ្ចៀសស្ថានភាពធ្ងន់ធ្ងរពិបាកស្មាន៕ប្រភព៖កម្ពុជាថ្មី