អុញម៉េចចឹង! CEO ក្រុមហ៊ុនវ៉ាក់សាំង Moderna និយាយថា កូវីដប្រហែលនៅជាមួយយើងជារៀងរហូត

0
198
views

បរទេស៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-19 Moderna បានព្រមានកាលពីថ្ងៃពុធថា មេរោគរាតត្បាតដែលបាននាំឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង និងធ្វើឱ្យមន្ទីរពេទ្យស្ទើរតែរកបន្ទប់ដាក់អ្នកជំងឺគ្មាននេះ នឹងស្ថិតនៅជារៀងរហូត។

មន្រ្តីសុខាភិបាលសាធារណៈនិងអ្នកជំនាញជំងឺឆ្លងបាននិយាយថា មានលទ្ធភាពខ្ពស់ដែលកូវីដ-19នឹងក្លាយជាជំងឺឆ្លងធម្មតា (endemic disease) មានន័យថាវានឹងបន្តមានវត្តមាននៅក្នុងសហគមន៍គ្រប់ពេលវេលា តែមានកម្រិតទាបជាងពេលបច្ចុប្បន្ន។

លោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna បានយល់ស្របកាលពីថ្ងៃពុធថាកូវីដ-19 នឹងក្លាយជាជំងឺឆ្លងធម្មតាដោយនិយាយថា៖ «វីរុស SARS-CoV-2 នឹងមិនទៅណាទេ។»

លោកបាននិយាយនៅក្នុងសន្និសីទពិភាក្សាមួយនៅឯសន្និសីទថែរក្សាសុខភាព JPMorgan ថា៖ «យើងនឹងរស់នៅជាមួយវីរុសនេះហើយ នឹងរស់នៅជាមួយវាជារៀងរហូត។» លោកបន្តថាមន្ត្រីសុខាភិបាលនឹងត្រូវតាមដានមើលវ៉ារ្យ៉ង់ថ្មីជាបន្តបន្ទាប់ ដូច្នេះអ្នកវិទ្យាសាស្ត្រអាចផលិតវ៉ាក់សាំងដើម្បីប្រឆាំងនឹងមេរោគទាំងនោះ។

ក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំង Pfizer បាននិយាយថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍជាមួយ BioNTech ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីចេញពីអង់គ្លេស និងមួយទៀតនៅអាហ្វ្រិកខាងត្បូង។

វ៉ាក់សាំងរបស់ Moderna ត្រូវបានអនុញ្ញាតិដោយរដ្ឋបាលចំណីអាហារនិងឪសថ សម្រាប់ប្រើប្រាស់ជាមួយពលរដ្ឋអាមេរិកដែលមានអាយុ18ឆ្នាំឡើងទៅ។ ការសិក្សាបន្ថែមនៅតែត្រូវការជាចាំបាច់លើកុមារ ដែលប្រព័ន្ធភាពស៊ាំអាចឆ្លើយតបខុសគ្នាទៅនឹងវ៉ាក់សាំងជាងមនុស្សពេញវ័យ៕ប្រភព៖khmerload