បុរសម្នាក់ដែលអាជ្ញាធរខណ្ឌទួលគោក បានឃាត់ខ្លួនជាក់ស្ដែង ពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញនោះ បានដឹងនូវកំហុស និងសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួនរឿងយករថយន្ដ២គ្រឿងបិតផ្លូវ និងប្រមាថសមត្ថកិច្ច ។
បុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរឿងយករថយន្ដ២គ្រឿងបិតផ្លូវ និងប្រមាថមន្ដ្រីរាជការសាធារណៈ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្ញាក់ខ្លួនដឹងកំហុស និងសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តខុសទៅលើសមត្ថកិច្ច។
ក្នុងលិខិតសុំ អភ័យទោស ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ របស់រសឈ្មោះ ជា លាង បានសរសេរថា ខ្ញុំបាទសូមអភ័យទោស ចំពោះទង្វើដែលមិនគប្បីចំពោះបងសមត្ថកិច្ច ដែលបានចុះអនុវត្ដច្បាប់ក្នុងការស្ទូចឡាន ។ ដោយដឹងពីកំហុសឆ្គងកន្លងមក ខ្ញុំបាទសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងការកើតហេតុ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មេត្តាយោគយល់អធ្យាស្រ័យដល់រូបខ្ញុំបាទ ។
សូមរម្លឹកថា អាជ្ញាធរខណ្ឌទួលគោក ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រឆាំងនឹងអ្នករាជការសារធារណ: នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ប្រភពពីសាលាខណ្ឌទួលគោក បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីឃាត់ខ្លួននេះធ្វើឡើងដោយមានការអនុញ្ញាត និងបញ្ជាផ្ទាល់មាត់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្ដែងពីបទ ប្រឆាំងនឹងអ្នករាជការសារធារណ: ។
ប្រភពពីសាលាខណ្ឌទួលគោក បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចរឹបអូសរថយន្តចំនួន០២គ្រឿងម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ) ។
ប្រភពដដែល បានរៀបរាប់ដំណើររឿងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យដូច្នេះ គឺជនសង្ស័យឈ្មោះ ជា លាង បានបើករថយន្តកូរ៉េម៉ាក VISTO និងរថយន្តម៉ាក Camry មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ មិនអាចធ្វើដំណើរបាន ក្រុមប្រតិបត្តិការ បានធ្វើការណែនាំឲ្យម្ចាស់រថយន្តឈ្មោះ ជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធ មិនព្រមបើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការបានយកខ្នោះ ចាក់កង់រថយន្ត ដើម្បីចាក់កង់រថយន្តត្រៀមលក្ខណៈស្ទូចរថយន្ត ចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះ កម្រេចចោល បោះចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលនោះសមត្ថកិច្ចក៏បានទៅហៅឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង បានរុញច្រានសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែង និងចាប់យករថយន្តចំនួន០២គ្រឿងខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕